ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត 

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អំឡុងការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ របស់រដ្ឋសភាបានបញ្ជាក់ថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។

សម្ដេចធិបតី បានបន្តថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ដោយឈរលើសមទ្ធិផលទាំងឡាយ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។

សម្ដេចថា ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់ នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព» ដោយបន្តផ្តោតសំខាន់ លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្ត អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ។ ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈាន ទៅសម្រេចបាន នៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសម្តែងនៅការកោតសរសើរ អស់ពីដួងចិត្ត និងសូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះអង្គរដ្ឋសភា ដែលជានិច្ចជាកាល ក្នុងជាស្ថាប័ននីតិប្បញ្ញត្តិ ដែលទទួលបាននូវសេចក្តីទុកចិត្ត យ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស  តែងតែបង្ហាញពីការបេ្តជ្ញាចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាជាតិ និងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងជម្រុញការអភិវឌ្ឍន៍លើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីបុព្វហេតុជាតិ និងប្រជាជន ៕

ដោយ ៖ សិលា


ចែករំលែក៖