ព័ត៌មានទាន់ហេតុការណ៍៖

បក្ខពួកក្រុមឆក់កាបូបដៃចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន

ចែករំលែក៖

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្ត្រីម្នាក់ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗដែរ បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍ពីជនរងគ្រោះ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៥ៈ១០នាទីល្ងាចថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០០២៤ដោយមានការចង្អុលបង្ហាញពីលោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែននិងលោកវរសេនីយ៍ទោគឹម សារឿន អធិការរងផ្នែកយុត្តិធម៏ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះភ្លាមៗទៅសហការជាមួយនឹងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់បូករួមនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងផងក៏បានចុះពួនស្ទាក់រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថាជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនោះមានឈ្មោះ សៀង យឹម ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពបន្តថា ក្រុមក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០០៤ នៅត្រង់ចំណុចស្រែថ្នល់អំពិលចម្ងាយប្រហែលជា៤គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។

រីឯជនសង្ស័យដែលឃាត់ខ្លួនបានទី១.ឈ្មោះហៀង កក្កដា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបជាជនដៃដល់។

ទី២.ឈ្មោះ ឆោម កុសល ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាកសិករ រស់នៅចំណុចព្រៃវែង ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបក្ខពួករួមគំនិត។

ទី៣.ឈ្មោះ វេ៉ត ពិសិដ្ឋ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅចំណុចព្រៃវែង ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារជាបក្ខពួករួមគំនិត។

ទី៤.ឈ្មោះ ព្រំ រក្សា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិឃុំជាមួយគ្នា។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមាន ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃចំនួន៤គ្រឿងជារបស់ជនសង្ស័យនឹង២គ្រឿងទៀតជារបស់ស្ត្រីរងគ្រោះបូករួមនឹងលុយខ្មែរចំនួន៤៧មុឺនរៀលផងដែរ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសួរនាំ ដោយពួកគេបានសារភាពថាពិតជាបានប្រព្រឹត្តនិងធ្វើសកម្មភាពដូចស្ត្រីជនរងគ្រោះរាយការណ៍នោះមែន។

ជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖