គណបក្សកាន់អំណាចជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) បានបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា លោក Shigeru Ishiba បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីថ្មី។
ការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP ថ្មី កើតមានឡើងក្រោយនាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន គឺលោក Fumio Kishida បានប្រកាសពីបំណងលាលែងចេញពីតំណែង កាលពីខែសីហា បន្ទាប់ពីកាន់អំណាចបានរយៈពេល៣ឆ្នាំ។ សភាជប៉ុន នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជាផ្លូវការ នាថ្ងៃទី១ ខែតុលា ហើយដោយសារបក្ស LDP គ្រប់គ្រងសំឡេងភាគច្រើនក្នុងសភា លោក Ishiba ត្រូវបានធានារួចស្រេចទៅហើយថា នឹងក្លាយជានាយករដ្ឋមន្រ្តី។ ការបោះឆ្នោតសកលថ្មីមួយ ត្រូវបានរំពឹងថា នឹងរៀបចំឡើងនាខែតុលា ឆ្នាំ២០២៥។ រយៈពេល៧ទសវត្សរ៍ចុងក្រោយនេះ គណបក្ស LDP បានកាន់អំណាចសឹងតែជាប់រហូត គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។
ខាងក្រោមនេះ គឺជាជីវប្រវត្តិត្រួសៗរបស់លោក Ishiba៖
លោក Shigeru Ishiba កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅខេត្ត Tottori និងបានបញ្ចប់ការសិក្សាផ្នែកច្បាប់ មកពីសាកលវិទ្យាល័យ Keio។ លោកមានភរិយាឈ្មោះ Keiko Ishiba។ លោកធ្លាប់ធ្វើការជាបុគ្គលិកនៅធនាគារមួយ កាលពីចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ក្រោយមកលោក បានជាប់ឆ្នោតជាតំណាងរាស្រ្តជប៉ុនលើកដំបូងនៅឆ្នាំ១៩៨៦ ហើយធ្លាប់បានកាន់តួនាទីជា ប្រធានគណៈកម្មាធិការមួយចំនួនរបស់សភា រហូតដល់ឆ្នាំ១៩៩៨។
នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៧ លោក Ishiba បានចូលបម្រើការជាមន្រ្តីក្នុងក្រសួងកសិកម្ម និងក្រសួងការពារជាតិជប៉ុន ខណៈក្នុងឆ្នាំ២០០៧ លោកក៏បានក្លាយជារដ្ឋមន្រ្តីការពារជាតិ ហើយនៅឆ្នាំ២០០៨ បានក្លាយជារដ្ឋមន្រ្តីកសិកម្ម។ នៅឆ្នាំ២០០៩ លោកបានក្លាយជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ របស់គណបក្ស LDP ហើយបានឡើងជា អគ្គលេខាធិការបក្ស នៅឆ្នាំ២០១២។ រីឯកាលពីចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ លោក Ishiba បានកាន់តំណែងជារដ្ឋមន្រ្តីទទលបន្ទុកកិច្ចការងារជំរុញសេដ្ឋកិច្ចនៅតាមតំបន់ និងគោលនយោបាយ ដែលមានគោលដៅទប់ស្កាត់ការថយចុះចំនួនប្រជាជន៕ ដោយ៖ ធីរីណា
រូបថត៖ Getty