ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិ និងសម្ព័ន្ធដាអនដាអូល នៃសាធារណៈរដ្ឋកូរ៉េ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោងសាកល្បងធ្វើឱ្យប្រសើរឡើងវិញ នូវប្រពន្ធគ្រប់គ្រងទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ឹម យ៉ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LEE SEOUNG HO តំណាងសម្ព័ន្ធ DAON DAOL (ដាអនដាអូល) និងជាទីប្រឹក្សា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោកកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គស្នងការនគរបាលជាតិ និងសម្ព័ន្ធដាអនដាអូល នៃសាធារណៈរដ្ឋកូរ៉េ ក្នុងការអនុវត្តគម្រោងសាកល្បងធ្វើឲ្យប្រសើរឡើងវិញនូវប្រ័ពន្ធគ្រប់គ្រង ទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃអនុគណៈកម្មការទី២ , អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ , លោក ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ  ,លោក -លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ជំនួសមុខឲ្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាជំហ៊ានដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើឡើងវិញនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ។ កម្ពុជាចាប់តាំងពីមានកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចាស់ រហូតដល់រាជរដ្ឋាភិបាលថ្មីមក កំណើនយាន្តយន្តចេះតែមានការកើនឡើងច្រើនជាបន្តបន្ទាប់។ ដោយស្ថានភាពចរាចរណ៍កាន់តែមមាញឹក និងកាន់តែមានការកកស្ទះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក បាននៅតែបន្តខិតខំប្រឹងប្រែងបង្កើនការងារ ទាំងការរឹតបន្តឹង អប់រំផ្សព្វផ្សាយការអនុវត្តច្បាប់ផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៥ យើងបានធ្វើវិសោធនកម្មច្បាប់១លើក និងក៏កំពុងកែប្រែច្បាប់ថ្មី១ទៀត ដោយការរឹតបន្តឹងគឺពិន័យ១គុណនឹង៣ដង ការបន្ថែមទោសទណ្ឌពន្ធនាគារ។

អគ្គស្នងការដ្ឋាននគរបាលេជាតិ គឺជាអង្គភាពមួយដែលសំខាន់ក្នុងការដើរតួនូវប្រតិបត្តការ និងការអនុវត្តច្បាប់លើដងផ្លូវ អង្គភាពនេះត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ យើងគិតទាំងបរិមាណ និងគុណភាព ពិសេសគឺគិតលើប្រតិបត្តិការដែលមានប្រសិទ្ធភាព ជាបន្តបន្ទាប់យើងបានបង្កើតនូវប្រព័ន្ធអេឡិចត្រូនិចក្នុងការប្រើប្រាស់សម្រាប់ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំពង្រឹងនូវចំណេះដឹង ដែលដកស្រង់ពីបទពិសោធន៍របស់បណ្ដាលប្រទេសជឿនលឿននានា តួយ៉ាងទស្សកិច្ចសិក្សានៅទីក្រុងសេអ៊ូល និងទីក្រុងហ្គេងនឹង ដែលបានប្រព្រឹត្តទៅនាពេលកន្លងមក គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ DAON DAOL (ដាអនដាអូល) ដែលផ្ដោតទៅលើការពង្រឹងប្រព័ន្ធសុវត្ថិភាពចរចរណ៍ និងការកែលំអរបរិក្ខាសុវត្ថិភាពនៅតាមតំបន់សាលារៀនក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលផ្លែផ្កាក្នុងការរួមចំណែកផ្ដល់ចំណេះដឹងដល់មន្ត្រី នៃក្រុមការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោកផងដែរ ហើយគម្រោងនេះក៏បានផ្ដល់អាហាររូបករណ៍ ដល់មន្ត្រីជំនាញផងដែរ ។ 

លោក ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំ តាមរយៈគម្រោងនេះនិងផ្ដល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ ធ្វើឲ្យការងារសុវត្ថិភាពចរាចរណ៍កាន់តែមានភាពទំនើបកម្ម ។ ក្រសួងមហាផ្ទៃ ក៏សូមសម្ដែងនូវការអបអរសាទរការចុះ MOU នេះផងដែរ ដែលរំពឹងថា ការងារនេះនឹងត្រូវបានលើកកម្ពស់ ឲ្យមាននិរន្តរភាព និងប្រសិទ្ធភាពជាងមុន និងតម្រូវការក្នុងការផ្ដល់ទិន្នន័យ បម្រើដល់ការងារ ស៊ើបអង្កេត ក៏ដូចជាការងាររឹតបន្តឹងអនុវត្តច្បាប់ ។ 

លោក ហ៊ឹម យ៉ាន បានបន្ថែមទៀតថា បច្ចុប្បន្ន យើងមានប្រព័ន្ធទិន្នន័យ៤ ដែលកំពុងដំណើការ រួមមាន ៖ ១/. ប្រព័ន្ធទិន្នន័យយាន្តយន្ត ។ ២/. ប្រព័ន្ធទិន្នន័យប័ណ្ណបើកបរ ។ ៣/. ប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ ។ ៤/. ប្រព័ន្ធទិន្នន័យពិន័យ និងដកពិន្ទុ ។ តាមរយៈនេះក្រសួងមហាផ្ទៃ សូមអគុណដល់សម្ព័ន្ធ DAON DAOL (ដាអនដាអូល) , សាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងដៃគូរពាក់ព័ន្ធ ដែលបានចូលរួមអភិវឌ្ឍន៍គម្រោងនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងសម្រេចជោគជ័យតាមបំណងដែល MOU បានដាក់ចេញ។

ក្នុងឱកាសនោះផងដែរ លោក LEE SEOUNG HO បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក និងការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា នៃភាគីទាំងពីរ នាពេលនេះ ដើម្បីឲ្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាន់តែល្អប្រសើរឡើង។

លោក LEE SEOUNG HO និងក្រុមការងារ  បានប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងការគាំទ្រឲ្យអស់ពីលទ្ធភាព ក្នុងរក្សាសណ្ដាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ហើយដើម្បីឲ្យកិច្ចការងារនេះជោគជ័យទៅបាន យើងជឿជាក់ គឺយើងទាមទារនៅកិច្ចសហការ ពិសេសឆន្ទៈរបស់ភាគីទាំងសងខាង ។ 

លោក សង្ឃឹមថា តាមបទពិសោធន៍ការប្រើប្រាស់ប្រព័ន្ធបែបនេះនៅកូរ៉េ ចំពោះបច្ចុប្បន្នកម្ពុជា មានភាពលឿនក្នុងការទទួលយកនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដាក់ដំណើរការប្រព័ន្ធបែបនេះនៅកម្ពុជា នឹងធ្វើឲ្យសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង។ ចំពោះគម្រោងសាកល្បងនៅពេលនេះ គឺពិតជាសំខាន់ ដោយលោកជឿជាក់លើសមត្ថភាព និងឆន្ទៈរបស់មន្ត្រីនគរបាលនៅម្ពុជា ដែលបានត្រៀមខ្លួនរួចជាស្រេចនៅការទទួលគម្រោងនេះ ទោះបីយើងមានការងារធ្វើជាមួយគ្នាច្រើន លំបាកស្មុគ្រស្មាញ ក៏ប៉ុន្តែដោយភាពជឿជាក់មកលើកម្ពុជា យើងនឹងអាចដោះស្រាយកិច្ចការងារនេះ ដោយភាពជោគជ័យ។

ជាថ្មីម្ដងទៀត តាមរយៈការចុះ MOU នេះគឺជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជាលើវិស័យនេះ នឹងនាំឲ្យកម្ពជាក្លាយជាប្រទេសគំរូមួយដែលមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព នៅក្នុងប្រទេសជាសមាជិកអាស៊ាន និងផ្ដល់លទ្ធផលល្អតាមរយៈគម្រោង ដល់ក្មេងៗជំនាន់ក្រោយរបស់យើង៕

ដោយ ៖ សិលា


ចែករំលែក៖