ភ្នំពេញ៖ ក្នុងរយៈពេល៨ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបាន ទំហំទឹកប្រាក់ ២២,៩២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងប្រមាណ ១៧,២ ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមាន ត្រឹម ១៩.៥៥ ពាន់លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ប្រភពខាងលើបានបន្តថា ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមាន ចំនួន ៦២ ភាគរយនៃទំហំពាណិជ្ជកម្មសរុបតម្លៃ ៣៦.៩៤ ពាន់លានដុល្លាររបស់ខ្លួន ក្នុងអំឡុងរយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ នេះ។
លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញសារព័ត៌មានថា ទោះបីវិបត្តិ សេដ្ឋកិច្ចសកលកើតមានដែលបណ្តាល ពី ជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ និងបញ្ហាអតិផរណា ដែលធ្វើឱ្យកម្លាំងបញ្ជាទិញនៅលើទី ផ្សារធំៗធ្លាក់ចុះក្តីក៏កម្ពុជាដែលជាសមាជិករបស់RCEPនៅតែបន្តកំណើននៃការនាំចេញ។
មន្រ្តីក្រសួងពាណិជ្ជកម្មអះអាងថា RCEP គឺជាកត្តាជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា និងជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេស និងជំរុញដល់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ប្រទេសសមាជិកទាំងអស់ និងបានចូលរួម ចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ។
បណ្ឌិតសេដ្ឋកិច្ច លោក ហុង វណ្ណៈ បានផ្តល់តម្លៃនៃកំណើន សេដ្ឋកិច្ចរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិក RCEP ថា ជាមោទនភាពដោយកិច្ចព្រមព្រៀងRCEPអាស៊ាន និង ក្នុងកម្រិតក្របខ័ណ្ឌពាណិជ្ជកម្មសេរីកម្ពុជាទទួលបានលទ្ធផលផ្លែផ្កាជាបណ្ដើរៗ។
លោកបណ្ឌិតបានប្រាប់បណ្ដាញសារព័ត៌មានថា យើង ឃើញកំណើនថវិកា បានចាក់បញ្ចូលទៅក្នុងថវិកាជាតិដែល កំណើនសេដ្ឋកិច្ចនេះបានជំរុញឱ្យធនាគារអភិវឌ្ឍអាស៊ី និងធនាគារដទៃ ព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុង ចន្លោះ ៥,៨% ទៅ៦%។ កំណើននេះបានឆ្លុះបញ្ចាំង ពីការកើន ឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណា ពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ២០២៤។
សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ RCEP មានសុពលភាពអនុវត្ត ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕
ដោយ៖ សូរិយា