ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រម ជាមុនពីអ្នកប្រើប្រាស់។ ការអនុវត្តនេះ គឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក. និងអាជ្ញាបណ្ណរបស់ ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងស្របច្បាប់និង ស្មោះត្រង់ និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងការផ្តល់សេវាទូរស័ព្ទចល័ត ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ មក ន.ទ.ក. តាមលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ឬ តាមរយៈហ្វេសប៊ុក “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” ក្នុងករណីមានការភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសេវាកម្មបន្ថែម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
ន.ទ.ក. នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងលក្ខខណ្ឌនៃការអនុញ្ញាតនិងអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា