ខេត្តព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងរថយន្តបុកគ្នា នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង ១៥:៥០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចគីឡូម៉ែត្រ K141+700 ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយកេីតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងវាស់វែងមធ្យោបាយប្រគល់ ឲ្យជំនាញ ដើម្បីដោះស្រាយតាមនីតិវិធី ។
ប្រភពដដែលបន្តថា មុនពេលកេីតហេតុ គឺរថយន្តម៉ាក ESCALADE ពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ 2CE-0567 បើកបរដោយជនជាតិចិន ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ ប្រើប្រាស់ល្បឿនលឿនពេលមេឃកំពុងភ្លៀងខ្លាំង ដល់ចំណុចកើតហេតុផ្លូវកោងបានរអិលជ្រុលទៅ បុករនាំងការពារទ្រូងផ្លូវ និងខ្នាតទៅបុករថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 ទិសដៅភ្នំពេញ-ព្រះសីហនុ ។
គួរបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ប្រចាំការផ្លូវល្បឿនលឿនកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ។ ករណី នេះបានបញ្ចប់នៅវេលាម៉ោង ១៧:២០នាទី ៕
ដោយ៖ តារា