ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីស្រាអែលត្រៀមវាយប្រហារដោយមីស៉ីលទៅលើអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី៥ ខែតុលា មន្រ្តីអ៉ីស្រាអែលមួយរូបបានឱ្យដឹងថា យោធាអ៉ីស្រាអែលកំពុងតែត្រៀមរៀបចំ ចំណាត់ការឆ្លើយតបទៅវិញចំពោះសកម្មភាពបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់ពីសំណាក់អ៉ីរ៉ង់មកលើអ៉ីស្រាអែល ក្នុងសប្តាហ៍នេះ។

មន្រ្តីខាងលើបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «យោធាអ៉ីស្រាអែល (IDF) កំពុងតែរៀបចំការឆ្លើយតប ចំពោះការវាយប្រហារពុំធ្លាប់មានពីមុននិងខុសច្បាប់របស់អ៉ីរ៉ង់មកលើប្រទេសអ៉ីស្រាអែល ព្រមទាំងប្រជាជនស៉ីវិលអ៉ីស្រាអែល»។ យ៉ាងណាមិញ មន្រ្តីដដែលមិនបានរៀបរាប់លម្អិតអំពីលក្ខណៈឬក៏ពេលវេលា នៃវិធានការឆ្លើយតបនោះឡើយ។ ដោយឡែក កាសែតអ៉ីស្រាអែល Haaretz ដែលផ្អែកលើប្រភពពីយោធា បានរាយការណ៍ថា វានឹងជាការឆ្លើយតបធំមួយពីអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា អ៉ីរ៉ង់បានបាញ់មីស៉ីលប្រហែល២០០គ្រាប់ មកលើអ៉ីស្រាអែល ខណៈវាគឺជាការវាយប្រហារដោយផ្ទាល់លើកទី២ ពីសំណាក់ទីក្រុងតេហេរ៉ង់ មកលើអ៉ីស្រាអែល ក្នុងរយៈពេលតិចជាង៦ខែ។ មីស៉ីលទាំងអស់នោះ ភាគច្រើនត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ខណៈមួយចំនួនបានធ្លាក់ចំមូលដ្ឋានយោធា ប៉ុន្តែពុំបានបង្កឱ្យមាន​ការខូចខាត និងមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

អ៉ីរ៉ង់បាននិយាយថា ការបាញ់ស្រោចមីស៉ីលនោះ គឺជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហេសបូឡាហ៍ លោក Hassan Nasrallah ដែលបានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពីថ្ងៃទី២៧​ ខែកញ្ញា ហើយវាក៏ជាការឆ្លើយតបចំពោះការធ្វើឃាតអតីតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ដែលត្រូវបានសម្លាប់ នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ផងដែរ។ អ៉ីរ៉ង់និងហាម៉ាស បានចោទថា វាជាស្នាដៃរបស់អ៉ីស្រាអែល ប៉ុន្តែអ៉ីស្រាអែល មិនបានបដិសេធឬទទួលស្គាល់ឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty


ចែករំលែក៖