ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

ចែករំលែក៖

ទីក្រុងប៉ារីស ៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បន្ទាប់ពីប្រធានា ធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសជាផ្លូវការនៅវិមាន Grand Palaisទីក្រុងបារីស នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមាជិកនៃអង្គប្រជុំទាំងអស់ក៏បានទះដៃគាំទ្រកម្ពុជា ជាបេក្ខ ភាពឲ្យធ្វើជាម្ចាស់ផ្ទះដែរនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Grand Palais ទីក្រុងប៉ារីស។

ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦» លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាសជាផ្លូវការនៅ វិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

បន្ទាប់ពីការប្រកាស មានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថាកម្ពុជា ជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ជាកិច្ចបន្ត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។

ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ៕

ដោយ ៖ សិលា


ចែករំលែក៖