ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះលោក ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះសមាជិក សមាជិកាគណបក្សថ្មីទាំង៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនេះ។ លោកបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះលោកក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះប្រជាជនចេញពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ=ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។ លោកបានបន្ថែមថា ការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពីសម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប៕
ដោយ៖ សូរិយា