ក្រុមម្ចាស់ផ្ទះ Brighton បានបង្កើតការវាយបកយ៉ាងល្អដើម្បីរកបាន៣គ្រាប់ និងបានយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspurs លទ្ធផល ៣ទល់២ ក្នុងការប្រកួតដ៏ជក់ចិត្តមួយនៅ Premier League ក្នុងសប្តាហ៍ទី៧ កាលពីរាត្រីថ្ងៃទី៦ ខែតុលា។
Spurs ហាក់កំពុងឈានទៅរកការទទួលបានជ័យជម្នះជាលើកទី៦ជាប់ៗគ្នាក្នុងគ្រប់ការប្រកួតទាំងអស់របស់ខ្លួន ខណៈដែលក្រុមនេះបាននាំមុខក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ២-០ ទៅហើយ បន្ទាប់ពីលេងបានតែ៣៧នាទី។
កីឡាករ Brennan Johnson បានបើកការស៊ុតបញ្ចូលទី១គ្រាប់នាំមុខឲ្យក្រុមភ្ញៀវជាមួយនឹងគ្រាប់ទី៦របស់គាត់ក្នុង៦ប្រកួត នៅពេលដែលគាត់បានស៊ុតបាល់ពីការបញ្ជូនរបស់ Dominic Solanke នៅនាទីទី២៣។
គ្រាប់បាល់ទី២របស់ Spurs ធ្វើបានយ៉ាងល្អពីការស៊ុតកោងរបស់កីឡាករ James Maddison ធ្វើឲ្យក្រុមភ្ញៀវនាំមុខនៅនាទីទី៣៧ ប៉ុន្តែ Brighton គឺជាក្រុមមួយដែលបានផ្លាស់ប្តូរទម្រង់លេងយ៉ាងល្អក្នុងតង់ទី២។
ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់តាមពីក្រោយនៅដើមតង់ទី២នៅពេលដែលកីឡាករ Destiny Udogie មិនអាចលូកជើងស៊ុតពីការបញ្ជូនរបស់ Kaoru Mitoma ហើយត្រូវកីឡាករ Yankuba Minteh ស៊ុតបាល់បញ្ចូលទីបានសម្រេចនៅនាទីទី៤៨ និងជាគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុម Brighton បន្ទាប់ពីផ្ទេរពី Newcastle ក្នុងតម្លៃ៣០លានផោន។
កីឡាករខ្សែបម្រើស្លាប Mitoma ដែលគួរឱ្យចាប់អារម្មណ៍បានព្យាយាមកាត់បាល់ទៅម្តងទៀត ខណៈដែលម្ចាស់ផ្ទះតាមស្មើនៅនាទីទី៥៨ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Georginio Rutter។ បន្ទាប់មក Rutter បានធ្វើបានយ៉ាងល្អ ដោយបានបញ្ជូនបាល់ទីកៀកនឹងសំណាញ់ទីគូប្រកួត ហើយកីឡាករជប៉ុន Mitoma ក៏បានបញ្ជូនបាល់បន្តទៅឲ្យខ្សែប្រយុទ្ធ Danny Welbeck ស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ទី៣បានសម្រេចនៅនាទីទី៦៦ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ៣ទល់២។
ក្រុម Brighton បានវាយបកដើម្បីដណ្តើមយកជ័យជម្នះដែលមិនអាចបំភ្លេចបាន ដែលជាលើកទី១ ចាប់តាំងពីក្រុមនេះធ្វើបានដោយការស៊ុតបញ្ចូលទីពីរគ្រាប់នៅតង់ទីមួយចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥ នៅពេលដែលពួកគេបានផ្តួលក្រុម Charlton ៣ទល់២ ក្នុងការប្រកួត Championship។
ទន្ទឹមនឹងនេះដែរក្រុម Spurs ឥឡូវនេះបានចាញ់១០ដងក្នុង Premier League នៅពេលដែលពួកគេបាននាំមុខ២គ្រាប់ ឬច្រើនជាងនេះ។ ក្រោយពីបរាជ័យនៅពេលនេះក្រុម Spurs បានធ្លាក់មកឈរលេខ៩ ក្នុងតារាង Premier League ដែល៧ប្រកួតមាន១០ពិន្ទុ ខណៈដែល Brighton បានឡើងមកឈរលេខ៦ មាន១២ពិន្ទុក្នុង៧ប្រកួតដូចគ្នា។
ការប្រកួតបន្ទាប់ក្រុម Brighton ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Newcastle United នៅថ្ងៃទី១៩ ខែតុលា រីឯក្រុមមាន់ខ្នាយមាស Tottenham Hotspurs ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United ថ្ងៃទី១៩ ខែតុលាខាងមុខដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)