ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានរាយការណ៍នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះថា យ៉ាងហោចណាស់ក្មេងទំនើងម្នាក់បានស្លាប់ភ្លាមៗ និងអ្នករួមដំណើរចំនួន០២នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូឌុបគ្នាជ្រុលខុសផ្លូវទៅបុកដើមស្វាយ ដែលក្នុងករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រោះពុំមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីហិង្សាដោយចេតនា រវាងក្មេងទំនើងចំនួន០២ក្រុមដេញកាប់គ្នានៅលើដងផ្លូវកៅស៊ូ១ខ្សែតាមបណ្ដោយមាត់ស្ទឹងពោធិ៍សាត់ កាលពីរំលងអធ្រាត្រ ថ្ងៃទី៥ កន្លងទៅថ្មីៗនេះ នៅត្រង់ចំណុចផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបង្ហើបឱ្យដឹងទៀតថា ក្មេងទំនើងរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I -3958 និងជាអ្នកបើកបរឈ្មោះ សៀប ផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដងអូរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងអ្នករួមដំណើររបួសធ្ងន់ទី១-ឈ្មោះ នី រ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់(បែកក្បាល)និងទី២ -ឈ្មោះ ហ៊ន ទី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់(បាក់ដៃឆ្វេង)។
ប្រភពព័ត៌មានដដែលបង្ហើបបន្តទៀតថា ក្នុងករណីនេះសមត្ថកិច្ចស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានម្នាក់ ដើម្បីយកមកសួរនាំតាមនីតិវិធី ។ ប្រភពបញ្ជាក់បន្ថែមថា ករណីជិះម៉ូតួឌុបគ្នាចំនួន០៣នាក់បើកខុសផ្លូវជ្រុលទៅបុកដើមស្វាយបណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន០២នាក់ខាងលើ ជាករណីហិង្សាដោយចេតនា រវាងក្មេងទំនើងចំនួន០២ក្រុម សមត្ថកិច្ចកំពុងមមាញឹកបន្តនីតិវិធីនៅឡើយ៕
ដោយ៖ ប៉ឹម ពិន