ព័ត៌មានទាន់ហេតុការណ៍៖

ចំណុចគួរយល់ដឹងពីការបើកបររថយន្តលើផ្លូវល្បឿនលឿននៅពេលមានភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ចំណុចគួរយល់ដឹងពីការបើកបររថយន្តលើផ្លូវល្បឿនលឿននៅពេលមានភ្លៀងធ្លាក់។ 

ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ដីហុយ ឬផ្សែងហុយដែលមិនអាចឲ្យមើលឃើញច្បាស់ អ្នកបើកបររថយន្ត ត្រូវបើកភ្លើងកូត រក្សាចន្លោះសុវត្ថិភាព ហាមវ៉ាជែងនិងត្រូវបន្ថយល្បឿនបើកបរ។

សូមត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលធ្វើដំណើរ ដូចជា៖ កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង ផ្លឹតទឹក ។ល។ គួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គីភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ជាពិសេសករណីមានសត្វល្អិតច្រើននៅតាមដងផ្លូវដូចជាសត្វមេភ្លៀងជាដើម សូមបន្ថយល្បឿនបើកបរ និងបើកភ្លើងកូតក្នុងករណីដែលមិនអាចមើលឃើញផ្លូវច្បាស់។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕

ដោយ​៖ តារា​


ចែករំលែក៖