ព័ត៌មានទាន់ហេតុការណ៍៖

សភាកម្ពុជាចូលរួមជាសហគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី នៅក្នុងគណៈកម្មាធិការនយោបាយអាយប៉ាលើកទី៤៥

ចែករំលែក៖

ប្រទេសឡាវ ៖ សភាកម្ពុជាបានចូលជាសហគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីនៅក្នុងគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ 

សេចក្តីព្រាងសេចក្តីសម្រេចទាំងបីរួមមាន៖

១-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចខិតខំប្រឹងប្រែងដាក់បញ្ចូលឌីជីថល ដើម្បីផ្តល់ភាពអង់អាចដល់ប្រជាជន និងធានានូវកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ដែលស្នើឡើងដោយប្រទេសឡាវ។ 

២-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្ននៃអាស៊ាន ក្នុងចំណោមសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលស្នើដោយឡាវ។

៣-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលស្នើឡើងដោយប្រទេសឡាវ។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជាចូលរួមប្រជុំដឹកនាំដោយ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។ 

សេចក្តីព្រាងសេចក្តីសម្រេចទាំងបី ដែលសភាកម្ពុជាធ្វើជាសហគាំទ្រជាមួយរដ្ឋសភាប្រទេសឡាវនេះ ត្រូវបានអនុម័តទទួលយកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ៕

ដោយ ៖ សិលា


ចែករំលែក៖