ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះពីលើម៉ូតូដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកមកពីក្រោយបុកខ្ទាតជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដេីរឆ្លងផ្លូវតាមពីក្រោយពីពូរបស់ខ្លួនក៏ស្រាប់តែត្រូវ រថយន្តមិនស្គាល់ម៉ាកបេីកបុកបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមមួយរំពេច ។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយ ផ្លូវ៦០ម៉ែត្រក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ។ 

​   សពជនរងគ្រោះមានឈ្មោះសឿង សង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានតំបន់ទីក្រុង កោះនរា ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិគុចទីទុយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ   ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុជនរងគ្រោះ២នាក់ពូនិងក្មួយចេញពីផឹកស៊ីវិញ ហេីយបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខកំពង់ធំ 1L-8719 ចេញពីកោះនរាជាកន្លែងការងារក្នុងគោលបំណងជូនបុរសជាពូមកផ្ទះម្តុំចាក់អង្រែក្រោម​ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុ អ្នកបេីកម៉ូតូត្រូវជាពូបានជិះម៉ូតូបត់ឆ្លងផ្លូវក្នុងបំណងបត់ត្រលប់ក្រោយ ហេីយពេលនោះបុរសជាក្មួយបានចុះពីលើម៉ូតូ រួចដេីរឆ្លងផ្លូវតាមពីក្រោយម៉ូតូក៏ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបេីកតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូងជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលខ្ទាតជាច្រើនម៉ែត្ររងរបួសបែកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័មតែម្តង ហើយភ្លាមៗនោះរថយន្ដបង្កបានបន្ថែមល្បឿនបេីករត់គេចបាត់ស្រមោលទៅ។ 

ក្រោយពេលកេីតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់អោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖