ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ ដើរបោកយកលុយ រឿងចុះឈ្មោះបានដីសម្បទានសង្គមកិច្ច តាមព្រំដែន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមញុះញង់ របស់មេខ្យល់ដើរ បោកយកលុយពីប្រជាពលរដ្ឋ រឿងចុះឈ្មោះបានដីសម្បទាន សង្គមកិច្ចនៅតាមព្រំដែន។

ជាមួយគ្នានោះ សម្តេចបវរធិបតី ក៏ចេញបទបញ្ជា ឱ្យអាជ្ញាធរស្រាវជ្រាវ រកមុខមេខ្យល់មកចាត់វិធានការ ផ្លូវច្បាប់។ បើតាម សម្ដេច ករណីមេខ្យល់ដើរបំផុសពលរដ្ឋឱ្យចុះឈ្មោះ និងបង់ប្រាក់ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចនេះ កើតឡើងក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា រាជរដ្ឋាភិបាល បង្កើតកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ច ដោយចាប់ផ្ដើមពីឆ្នាំ២០២៥ ប៉ុន្ដែមានមេខ្យល់បំផុសប្រជាពលរដ្ឋ បោកយកលុយរឿងដីសម្បទាននេះ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «សូមបងប្អូន កុំជឿលើមេខ្យល់ ដែលកំពុងបំផុស ដើរយកលុយ ថាចុះឈ្មោះ ដើម្បីយកដីនេះ(ដីសម្បទានសង្គមកិច្ច)។ អត់បានទេ ហើយសូមឱ្យអាជ្ញាធរ សមត្ថកិច្ច មើលមេខ្យល់ហ្នឹង ដើម្បីអនុវត្តច្បាប់។ ព្រោះមិនអ៊ីចឹងដើរបោកប្រជាពលរដ្ឋ»។

សូមរំលឹកថា រាជរដ្ឋាភិបាល មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ។ រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាង ភូមិឃុំនៅលើដីថ្មីនោះ៕

ដោយ ៖ សិលា


ចែករំលែក៖