ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនៃការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចតាមបណ្តោយផ្លូវលេខP10D បុរីប៉េងហួត បឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងដកហូតវត្ថុតាង ពីជនសង្ស័យឈ្មោះ HUANG HAITAO (ហឹង ហៃថៅ) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និងឈ្មោះ HUANG ZHUOYI (ហឹង ជ័រអី) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន នូវសារធាតុញៀនជាម្សៅម៉ត់ពណ៌ស ប្រភេទ កេតាមីន ទម្ងន់ ៣.៩៦៥,០២ ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួលនិងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០២នាក់ ខាងលើ និងបក្ខពួកពីបទ ជួញដូរ, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្ត នៅចំណុចប្រទេសកម្ពុជា និងតាមបណ្តោយផ្លូវលេខP10D បុរីប៉េងហួតបឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០២១ រហូតដល់អំឡុងខែតុលា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ តារា