ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ២៣ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់នៅក្រុង Kazan ប្រទេសរុស្ស៊ីក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ 

     គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា មិនថាស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏ភាគីចិននឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមេត្រីភាពជាមួយអ៊ីរ៉ង់យ៉ាងមុតមាំមិនងាករេ។ ភាគីចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តការនិងការផ្លាស់ប្តូរលើគ្រប់វិស័យជាមួយអ៊ីរ៉ង់ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនដោយរឹងមាំនិងស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

     គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន។ លោក Xi Jinping បានលើកឡើងថា ភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន។ ការសម្រេចបាននូវការឈប់បាញ់គ្នាក្នុងតំបន់ហ្កាហ្សាក្នុងពេលឆាប់ៗ ជាគន្លឹះនៃការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ សហគមន៍អន្តរជាតិគួររួមសាមគ្គីជាធ្លុងមួយ ហើយដាស់តឿននិងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីចៀសវាងកុំឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែរង្គោះរង្គើថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖