ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ឪពុកកូន២នាក់ប្រឌិតរឿងថាចោរប្លន់ម៉ូតូ ពេលនេះមកសុំទោសវិញព្រោះខឹងប្អូនខ្ចីម៉ូតូទៅយូរពេក

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែខឹងប្អូនប្រុសខ្ចីម៉ូតូទៅយូរពេកក៏ឱ្យកូនប្រុសបង្កេីតរឿងប្រឌិតថាមានចោរយកកាំបិតមកភ្ជង់ប្លន់យកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អេីលនាវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវលំភូមិអក្ស​រ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ ពេលនេះឪពុកកូនជាម្ចាស់ម៉ូតូបានមកសុំទោសជាសាធារណៈនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ មូលហេតុដោយសារខឹងប្អូនខ្ចីម៉ូតូទៅយូរពេកទេីបប្រឌិតរឿងឱ្យយល់ច្រឡំ។ 

ក្មេងប្រុសជាម្ចាស់ម៉ូតូដែលប្រឌិតរឿងឱ្យយល់ច្រឡំនោះមានឈ្មោះរស់​ រាត្រី​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជាសិស្ស​ ស្នាក់នៅភូមិចែកម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ចំណែកបុរសដែលខ្ចីម៉ូតូទៅនោះឈ្មោះធឿន​ ត្រូវជាប្អូនរបស់បុរសជាឪពុកក្មេង។ 

តាមចម្លេីយសារភាពរបស់ឪពុកក្មេងឈ្មោះរស់​ រាត្រី​ បានឪ្យដឹងថា​ មុនពេលកេីតហេតុប្អូនប្រុសគាត់បានខ្ចីម៉ូតូរបស់គាត់ជិះ​ ពេលនោះគាត់ក៏យល់ព្រមឱ្យខ្ចី​ តាំងព្រឹករហូតមកដល់ថ្ងៃត្រង់មិនឃេីញមកវិញ​ ក៏នាំឱ្យកូនប្រឌិតរឿងថាមានជនសង្ស័យយកកាំបិតមកភ្ជង់ប្លន់យកម៉ូតូហើយគេចខ្លួនបាត់ទៅ។ 

រហូតមកដល់វេលាម៉ោង៧យប់​ ថ្ងៃដដែលប្អនប្រុសរបស់គាត់ឈ្មោះធឿនក៏យកម៉ូតូមកឱ្យវិញ​ ទេីបគាត់ធ្វេីដំណេីរទៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងដេីម្បីសុំទោសកម្លាំងសមត្ថកិច្ចជាសាធារណៈនិងដកពាក្យបណ្តឹងពីប្អូនប្រុសគាត់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖