ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរទៅគណបក្សប្រឆាំងថា នៅពេលដែលខ្លួននៅក្នុងសភា និងមានអំណាច ខណៈមានការអនុវត្តកិច្ចព្រមព្រៀងនេះហេតុអ្វីក៏មិនចោទ មិននិយាយអ្វីសោះ ហើយមិនសើរើនៅពេលនោះ ស្របពេលដែលមានតំណាងរបស់ខ្លួនចូលរួមប្រជុំពី CLV-DTA ដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបងប្អូនយុវជនមួយចំនួននៅក្រៅប្រទេសដែលត្រូវបានពួកអ្នកនយោបាយចាស់វស្សាបបួលធ្វើបាតុកម្មត្រូវសួរទៅពួកគាត់ថា ហេតុអ្វីកាលពីពេលនៅក្នុងសភាអត់មាននិយាយអ្វីសោះអំពីរឿងហ្នឹង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការមិននិយាយអ្វីសោះរបស់ពួកអ្នកនយោបាយចាស់វស្សាក៏ព្រោះតែកិច្ចព្រមព្រៀងនេះមិនបានធ្វើឱ្យកម្ពុជាខាតបង់អ្វីឡើយ ប៉ុន្តែឥឡូវបែរជាមកចាក់សាំងដុតបន្ថែមទៅលើបញ្ហានេះទៅវិញ។ នេះហើយជាចរិកញុះញង់របស់អ្នកនយោបាយចាស់វស្សាដែលចង់បង្ករចលាចលសង្គមរហូតដល់មានសកម្មភាពថ្ងៃ១៨ សីហា ដែលបម្រុងនឹងដុតប្រទេសថែមទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកបញ្ជាក់ឡើងវិញ នៅក្នុងរយៈពេល២៥ឆ្នាំ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬច្បាប់របស់ប្រទេសណាយកមកអនុវត្តនៅខេត្តមណ្ឌលគិរីទេ មានតែខេត្តមណ្ឌលគិរី មានតែពីប្រទេសផ្សេងចូលមកព្រំដែនត្រូវច្បាប់អន្តោប្រវេសន៍របស់យើង ការគោរពគ្នាទៅវិញទៅមក ឥវ៉ាន់ដឹកទៅវិញទៅមកនេះគឺជាការពិត។ ខ្ញុំសូមយកឱកាសនេះមកដើម្បីលើក នៅពេលឈរលើទឹកដីទិសឦសាននេះហើយ»។
បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវរឿងអស់សំណើចនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពេញបែបបទក្នុងការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណហើយនោះ បែរជាក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅតែបន្ដចិញ្ចឹមចិត្តវាយប្រហាររាជរដ្ឋាភិបាល និងបន្ដដុតរោលបញ្ឆេះប្រជាពលរដ្ឋ ដោយចោទប្រកាន់ផ្ទុយពីការពិតថា រាជរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនទៅវិញ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែលកម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ៕
ដោយ ៖ សិលា