ខេត្តកំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យហ៊ុនសែនពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានបញ្ចប់សព្វគ្រប់នៅថ្ងៃទី៣០ខែសីហា ឆ្នាំ ២០២២។
នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសនថា ទំនាក់ទំនង កម្ពុជា-ចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ កម្ពុជា ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
សំឡេង « ការរៀបចំពិធីនៅថ្ងៃនេះគឺចំពេលឆ្នាំ២០២៤ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដោយផ្តោតទំនាក់ទំនងរវាងប្រជាជន ជាពិសេសក្នុងផ្នែកទេសចរណ៍ វប្បធម៌ អប់រំ។ យើងបានប្រារព្ធព្រឹត្តិការណ៍រួមគ្នាជាច្រើន ព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍នៅចិន ប៉ុន្មានថ្ងៃមុននេះយើងមានបញ្ជូនក្រុមកីឡាករ ខាងល្បុកតោចូលរួមសម្តែងនៅក្នុងទិវាកីឡាអន្តរជាតិនៅទីនោះ ដើម្បីបង្ហាញអំពីវប្បធម៌របស់កម្ពុជា។ ក្រៅពីនោះនិស្សិតរបស់យើងក៏បានទទួលនូវឱកាស ដើម្បីទៅរៀនសូត្របន្ថែមទៀត កសាងសមត្ថិភាព ដើម្បីមកជួយប្រទេសជាតិវិញផងដែរ។ ការប្រទាក់ក្រឡាគ្នាខាងផ្នែកវិនិយោគ ក៏ដូចជាការប្រទាក់ក្រឡាគ្នាខាងផ្នែកអប់រំ បណ្តុបណ្តាលផ្សេងៗ ក៏យើងធ្វើជាបន្តបន្ទាប់ដូចជាវិស័យទេសចរណ៍ ហើយនេះជាការបង្កើននូវទំនាក់ទំនងនិងទំនុកចិត្តឱ្យគ្នា»។
លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ភាគីចិនគាំទ្ររាល់សកម្មភាពរបស់កម្ពុជា ហើយវិស័យអប់រំគឺសំខាន់ ក្នុងនោះចិនបានជួយកសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់ គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) អគារពិសោធន៍ នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ដែលស្តិតនៅរាជធានីភ្នំពេញ កណ្តាល និងខេត្តកំពង់ចាម ។
ជាមួយគ្នានេះភាគីចិនក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដែលមានសមត្ថភាពខ្ពស់តាមរយៈគម្រោងអាហារូបករណ៍ ការបញ្ជូនគ្រូស្ម័គចិត្តចិនមកបង្រៀននៅកម្ពុជា និងបង្កើតសាកលវិទ្យាល័យនៅកម្ពុជាជាដើម។
លោកគ្រូអ្នកគ្រូ និងសិស្សានុស្សបានបង្ហាញការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយនេះ ដើម្បីបម្រើដល់វិស័យអប់រំ សុខភាពសាធារណៈ និងគមនាគមន៍ជាដើម។
សូមបញ្ជាក់ថា សមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា នេះ មានថវិកាសរុបជាង២២លានដុល្លារ( ២២.៥៩៥.៣៥០,១៤ ដុល្លារអាមេរិក) ក្នុងនោះថវិកាជាង២០លានដុល្លារ (២០.៤១៤.៩៩៥,១៤ ដុល្លារអាមេរិក ) គាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាង២លានដុល្លារ (២.១៨០.៣៥៥ដុល្លារអាមេរិក) ដែលមានរយៈពេលអនុវត្តគម្រោងចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២៕
ដោយ ៖ សិលា