ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ លាបថ្នាំ និងផ្លាស់ប្តូរអំពូលភ្លើងនៅវិមានឯករាជ្យ សួនបាញ់ទឹកវិមានឯករាជ្យ សួនច្បារ សួនកម្សាន្តសម្រាប់កុមាររួចរាល់ដែលមានសោភ័ណស្រស់ស្អាតនិងស្រស់បំព្រង ដេីម្បីត្រៀមទទួលព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុកដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំនិងបែងចែកក្រុមការងារមន្ត្រីជំនាញតាមផ្នែក ដេីម្បីអនុវត្តការងារទៅតាមមុខព្រួញផ្សេងៗ ធ្វើយ៉ាងណាឱ្យទាន់ព្រះរាជពិធីនិងពិធីបុណ្យជាបន្តបន្ទាប់គ្នានេះ ។ លោកបន្តថា៖ ជាក់ស្ដែងការងារជួសជុលកែលម្អ និងបាញ់ថ្នាំនៅវិមានឯករាជ្យ ការជួសជុលកែលម្អសួនច្បារជុំវិញវិមានឯករាជ្យ ជួសជុល កែលម្អ និងប្តូរអំពូលភ្លើងសួន នាគបាញ់ទឹក វិមានឯករាជ្យ សួនកម្សាន្ត បាញ់ទឹកមុខវត្តបទុមវតី បានចាប់ផ្ដើម អនុវត្តកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ មកដល់ពេលនេះបានរួចរាល់ហេីយ ។
មន្ត្រីជំនាញដដែលបានឱ្យដឹងទៀតថា ចំពោះការងារជួសជុលកែលម្អតួវិមានឯករាជ្យ ក្រុមការងារបានដុសខាត់ជម្រះស្លែតាំងពីលេីដល់ក្រោម បានលាងសម្អាតកម្រាលថ្មក្រានីត សម្អាតផេីងផ្កាឈួកសម្រាប់ដុតទៀនជ័យ និងបាញ់ថ្នាំ ចំណែកអាងបាញ់ទឹកនៅជុំវិញតួវិមានឯករាជ្យត្រូវបានសម្អាតនិងបាញ់ថ្នាំព្រមទាំងធ្វេីការផ្លាស់ប្តូរអំពូលភ្លើងទាំង អស់ និងសារ៉េកម្រិតកម្ពស់នៃការបាញ់ទឹកក៏បានរៀបរយរួចអស់ហេីយែដែរ។
ចំណែកមន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារសាធារណការបាននិងកំពុង លាបថ្នាំតាមគល់ឈេី លាបថ្នាំតាមខឿនចិញ្ចេីមសួន កាត់តម្រឹមស្មៅ ដេីមផ្កាលាបថ្នាំតាមចិញ្ចើមច្រាំងទន្លេ លាបថ្នាំ តាមបង់អង្គុយនៅតាមមាត់ទន្លេ ជួសជុល ការ៉ូឡា តុបតែងភ្លេីងពណ៌តាមដេីមឈេីព្រមទាំងពង្រាយបន្ទប់ទឹកនិងបង្គន់អនាម័យពីផ្សាររាត្រីដល់សួនសម្តេចហ៊ុន សែន ដេីម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋយើងដេីរលេងកម្សាន្ត ៕
ដោយ ៖ សំរិត