ព័ត៌មានទាន់ហេតុការណ៍៖

រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួត ប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូល រួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល  ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្តលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ 

លោកឧបនាយករដ្ឋមន្រ្តីកត់សម្គាល់ថា ការដាក់ពាក្យចូលរួមសម្រាប់ឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលនេះរំលេចបាននូវភាពជោគជ័យនៃកម្មវិធី និងបង្ហាញពីឆន្ទៈនៃការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអង្គភាពរបស់ខ្លួន តាមរយៈការប្រឡងប្រណាំង។ កន្លង មក អង្គភាពដែលធ្លាប់បានចូលរួមប្រកួត ទោះបីជាមិនទទួលបានចំណាត់ថ្នាក់ល្អក្តី ក៏បានបង្ហាញពីភាពរីក ចម្រើនរបស់ខ្លួនជាដំណាក់កាលៗ តាមរយៈការចូលរួមប្រកួតប្រជែងនេះ ម្យ៉ាងលើការខិតខំប្រឹងប្រែងដោយ ខ្លួនឯង ម្យ៉ាងការទទួលបានបទពិសោធ តាមរយៈការ រៀនសូត្រពីអង្គភាពផ្សេងៗទៀត។  

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤ គណៈកម្មការវាយ តម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងធ្វើការវាយតម្លៃ ដោយបែងចែកជា២ វិស័យ និងតាមកម្រិតផ្សេងៗគ្នារួមមាន៖ (១)មត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និង (២)មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល៕

ដោយ៖ សូរិយា


ចែករំលែក៖