ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ថ្នាក់ដឹកនាំក្រសួងអប់រំ យុជន និងកីឡា រៀបចំកិច្ចប្រជុំសម្រេច និងបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមសង្កេត ការណ៍ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
គ្រប់ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានដំណើរការដោយរលូន ក្រោមការបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕
ដោយ៖ សូរិយា