ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវបរទេសនិងបុគ្គលិកក្លិបខារ៉ាអូខេស្តារស៊ីធីជាង១០០នាក់ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលចម្រុះក្រុងប៉ោយប៉ែត បានចុះបង្ក្រាប ទីតាំងក្លិបនិងខារ៉ាអូខេស្តារស៊ីធី ឃាត់មនុស្សបានជាង១០០នាក់ នៅវេលាម៉ោង២និង២៤នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងប្លុកកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

  សមត្ថកិច្ចនៅទីតាំងកន្លែងកើតហេតុបានប្រាប់ថាៈ កម្លាំងនគរបាលដែលចុះមកបង្ក្រាបនេះ មានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងសម្របសម្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

   សមត្ថកិច្ចបញ្ជាក់ថាៈការឆ្មក់បង្ក្រាបទីតាំងក្លិបនិងខារ៉ាអូខេយីហោ ស្តារស៊ីធី (Star City) នៅក្នុងតំបន់កាស៊ីណូ ផ្កាយ៥ ដែលបង្កប់ប្រើប្រាស់គ្រឿងញៀន នេះសមត្ថកិច្ចឃាត់បានជនបរទេសជាភ្ញៀវមកលេងកម្សាន្ត និងបុគ្គលិកខ្មែរ ប្រុស/ស្រី នៅក្នុងក្លិបជាង១០០នាក់ ព្រមទាំងម៉ូតូរថយន្តប្រមាណ១០០គ្រឿង។ កម្លាំងកំពុងបញ្ជូនជនទាំងនោះទៅរក្សាទុកនៅទីបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក ៨៩១ និងទុកក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយចំនួន ដើម្បីធ្វើតេស្តរកសារធាតុញៀន។

   បញ្ហាខាងលើនេះលោកព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតមានប្រសាសន៌នៅព្រឹកថ្ងៃទី៣១ខែឆ្នាំដដែលនេះថាៈករណីនេះក្រុមជំនាញរបស់កម្លាំងនគរបាលក្រុងកំពុងធ្វើតេស្តរកជនណាមានសាធាតុញៀន ហើយការសាកសួរមិនទាន់ចប់នោះទេ ព្រោះមនុស្សហៅមកសួរនាំមានច្រើន យើងមិនត្រូវធ្វេសប្រហែសចំពោះករណីនេះទេ ប្រហែលជាពីរទៅបីថ្ងៃទៀតទើបចប់ការងារ។ ចំពោះអ្នកជាប់ពាក់ព័ន្ធសារធាតុញ្នៀនយើងនឹងបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្ត។ អ្នកដែលមិនជាប់ពាក់ព័ន្ធសារធាតុញៀននឹងដោះលែងវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖