ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ណែនាំសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ។

ការលើកឡើងរបស់ លោក ម៉ាង ស៊ីណេត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះដែរ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស។

លោក អភិបាលខេត្ត បន្ដថា ថ្ងៃនេះ ជាការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើប នឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ឆ្នាំ ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សា២០២៤-២០២៥។ បវេសនកាលថ្មីនេះ ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីប្រទេសជាតិខ្លាំង ប្រជាពលរដ្ឋត្រូវមានធនធាន ប្រជាពលរដ្ឋឱ្យតម្លៃការអប់រំ ប្រជាពលរដ្ឋឧស្សាព្យាយាម និងការងារប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា សូមប្អូនៗ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឱ្យទទួលបានលទ្ធផលល្អ។

លោក សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការសំណេះសំណាល និងបានលើកឡើងថា ការអប់រំនៅខេត្តតំបន់ឆ្នេរមានគុណភាព គុណតម្លៃ ព្រោះតួអង្គពាក់ព័ន្ធនិងការសិក្សាមានដូចជា ក្របខណ្ឌគ្រូបង្រៀន សិស្ស បរិយាកាសសាលារៀនល្អ និងអាណាព្យាបាលផងដែរ ព្រមទាំងបានធ្វើការណែនាំសាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំង១០ចំណុច ដែលជាគន្លឹះក្នុងការសិក្សាឆ្នាំថ្មីដោយមានការចូលរួមពីសហគមន៍ មាតាបីតាសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅខេត្តព្រះសីហនុ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី ម្យ៉ាងទៀតការមានសាលារៀនជួយកាត់បន្ថយការជំលោះក្នុងផ្ទះ ដូច្នេះយើងត្រូវចេះឆ្ងល់ ត្រូវមានអំនួតក្នុងការសិក្សាសម្រាប់ធ្វើជាអ្នកបន្តវេនទៅថ្ងៃអនាគត។

ក្នុងឱកាសនោះ លោក សុខ គាង ក៏បាននាំយកថវិកា របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឧបត្ថម្ភជូនសាលាចំនួន ៤លានរៀល និងចែកបណ្ណសរសើ លិខិតសរសើជ័យលាភីឆ្នាំសិក្សា២០២៣-២០២៤ ជូនដល់សិស្សានុសិស្សកម្រិតបឋមសិក្សា និងវិទ្យាល័យជាង ៥០០នាក់ប្រកបដោយបរិយាកាសរីករាយ៕

ដោយ ៖ សិលា


ចែករំលែក៖