ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ 

សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០៨និង០០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រី រស្មី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1S-9201 នៅចំណុចបន្ទប់ជួលខាងលើ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងកើតហេតុ ហើយធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងដោយមានកិច្ចសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ១-ឈ្មោះរ៉ូ តុលា ហៅក្រៅ តុ ភេទប្រុស អាយុ១៧ឆ្នាំ ,២-ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំង ដកហូតវត្ថុតាងនៃបទល្មើសខាងលើ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមររកសារធាតុញៀន ជាលទ្ធផលឈ្មោះរ៉ូ តុលា ហៅក្រៅ តុ វិជ្ជាមាន(+)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។  

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្រាបករណីខាងលើនេះក៏ទទួលបានការ​អនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដេីម៕

ដោយ៖ វណ្ណា


ចែករំលែក៖