ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបរឹបអូសបានគ្រឿងចក្រមួយគ្រឿង រថយន្តមួយគ្រឿងពីក្រុមជីករ៉ែត្បូងអនាធិបតេយ្យនៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រឿងចក្ររុញដីមួយគ្រឿងនិងរថយន្តមួយគ្រឿងដែលក្រុមឈ្មួញជាច្រើននាក់បានប្រើប្រាស់ជាមធ្យោបាយសម្រាប់ជីកត្បូងនោះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវចុះបង្ក្រាបរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំឡាមិញ។

ការចុះបង្ក្រាបគ្រឿងចក្រឈូសលុបរណ្តៅត្បូងនិងរថយន្តមួយគ្រឿងផងនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៤នៅ​ក្នុង​បរិវេណ​ដីចម្ការ​កៅស៊ូស្ថិត​ក្នុងភូមិ​ត្រុំ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ការចុះបង្ក្រាបនេះគឺយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ចូលទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្ត ហើយក៏ឈានដល់មានការបង្ក្រាបតែម្តង ដឹកនាំដោយលោក មុត សម្បុត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ក្នុងពេលកម្លាំងចុះបង្ក្រាបនៅទីតាំងជីកត្បូងខាងលើនេះកម្លាំងកម្មករក៏បាននាំគ្នារត់ប្រសេចប្រសាចអស់ ដោយបន្សល់ទុកនូវគ្រឿងចក្រអាបុ៊លរុញដីលុបរណ្តៅត្បូងមួយគ្រឿងនិងរថយន្តដឹកដីរ៉ែមួយគ្រឿង។

នៅទីតាំងបង្ក្រាបនេះដែរសារព័ត៌មានក៏ធ្លាប់ធ្វើការចុះផ្សាយរួចផងដែរនាពេលកន្លងមក តែហាក់មិនដែលឃើញមានសមត្ថកិច្ចឬអាជ្ញាធរចុះបង្ក្រាបនោះទេ ទើបតែពេលនេះមានប្រជាពលរដ្ឋធ្វើការប្តឹងចូលស្ថាប័នអយ្យរការអមសាលាដំបូងខេត្តបានមានការចុះបង្ក្រាបបែបនេះតែម្តង។

ប្រជាពលរដ្ឋរស់នៅទីនោះក៏បានធ្វើការសំណូមពរផងដែរដល់អភិបាលខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់សុំឲ្យជួយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសធនធានរ៉ែដោយខុសច្បាប់នោះផង ព្រោះមានក្រុមឈ្មួញខឹលខូចជាច្រើននាក់ដែលតែងតែលួចចូលឆ្មក់ធ្វើសកម្មភាពជីករ៉ែត្បូងដោយអនាធិបតេយ្យតាមទីតាំងជាច្រើនក្នុងទឹកដីនៃស្រុកបរកែវខេត្តរតនគិរីនេះ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖