ភ្នំពេញ ៖ អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងស្តីអំពីការចុះកម្មសិក្សារបស់ និស្សិតនាយនគរបាលបន្តវេនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ នឹងចុះកម្មសិក្សានៅស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាល រដ្ឋបាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីជូនដំណឹង អំពីការចុះកម្មសិក្សារបស់និស្សិតនាយនគរបាលបន្តវេនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល
អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា បច្ចុប្បន្ននេះ និស្សិតនាយនគរបាលបន្តវេនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ នឹងចុះកម្មសិក្សានៅស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាល រដ្ឋបាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងន័យនេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ បណ្ឌិត្យសភានគរបាលកម្ពុជា សូមបញ្ជាក់ជូន សាធារណជនជ្រាបថា និស្សិតនាយនគរបាលបន្តវេនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដែលជា កម្មសិក្សាការីទាំងនោះ បានស្លៀកពាក់ឯកសណ្ឋាន (ខោអាវ) និងស្បែកជើង មានពណ៌ដូចគ្នានឹងមន្ត្រី នគរបាលជាតិដែរ។ ប៉ុន្តែមួកនិងសញ្ញាស្មាអាវមានពណ៌បៃតងសម្រាប់និស្សិតឆ្នាំទី២ ពណ៌ស្វាយសម្រាប់ និស្សិតឆ្នាំទី៣ និងពណ៌ខៀវសម្រាប់និស្សិតឆ្នាំទី៤ ហើយសញ្ញាសម្គាល់មួយចំនួនមានលក្ខណៈប្លែកគ្នាពី មន្ត្រីនគរបាលជាតិ ដូចមានរូបភាពភ្ជាប់ជូនជាមួយ។
អាស្រ័យហេតុដូចនេះ សូមសាធារណជន មេត្តាជ្រាបជាពត៌មាន៕
ដោយ ៖ សិលា