ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាយតម្លៃប្រព័ន្ធគ្រប់គ្រងគុណភាព ជាអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានកិច្ចសហការរវាងគម្រោង CAPFISH-Capture និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពធ្វើតេស្តរបស់មន្ទីរពិសោធន៍នៅកម្ពុជា។

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤៖ រដ្ឋបាលជលផល អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសេចក្តីរីករាយសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមរយៈការផ្តល់ជំនួយ បច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាននិង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធ គ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយ មន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាពនិង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកផលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាព អឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FIA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្ត របស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៏សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃ ទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារ។ នា ពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាពនិងសមត្ថភាពធ្វើតេស្តរបស់ ខ្លួនលើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារនិងទឹកចំនួន ៩ ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជា អន្តរជាតិដោយ IAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមក ទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្តនិងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ «កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាព មន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។” តាម ការលើកឡើងរបស់ លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO។

លោកសាស្ត្រាចារ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ជាមួយគម្រោង CAPFISH-Capture ដោយបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរ ពិសោធន៍ ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើន សមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិ ស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។ ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណដល់គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែក បច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រង មន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្ត្រនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។

ដើម្បីចូលរួមអបអរសាទរជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសមិទ្ធផលដ៏មានសារៈសំខាន់ខាងលើ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្តែងនូវសុទិដ្ឋិនិយមថា «តាមរយៈការពង្រីកវិសាលភាព លើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស សម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូល ផលរហូតដល់តុអាហារ។ សូមបញ្ជាក់ផងដែរថា ការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទីកម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដារដែលអាចជឿជាក់និង ទុកចិត្តបាននិងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។

“ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហាន វិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែល សហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម។ ម៉្យាងវិញទៀត តាមរយៈកម្មវិធី CAPFISH-Capture សហភាព អឺរ៉ុប ពិតជាមានមោទនភាពក្នុងការគាំទ្រដល់ការពង្រីកវិសាលភាពសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានការ ទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ។” តាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ុហ្គ័រ ទ្រឹសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖