ខេត្តកំពង់ស្ពឺ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងទូករយៈពេល ២ថ្ងៃ នៅក្នុងស្ទឹងព្រែកត្នោត នៃខេត្តកំពង់ស្ពឺ ថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទៅលេងកម្សាន្តសប្បាយជាង ៨០មុឺននាក់ ដែលចំនួននេះមានការកើនឡើងជាង ៩៥% នៃបណ្តាឆ្នាំកន្លងមក។
លោក រស់ សុខ បានលើកឡើងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រខែ និងបណ្តែតប្រទីប ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំការប្រណាំងទូក និងបណ្តែតប្រទីបនៅក្នុងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋក្នុងខេត្តបានទស្សនាកម្សាន្តសប្បាយ ដែលពិធីនេះរដ្ឋបាលខេត្តតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក៏បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍អុំទូកនេះ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តសប្បាយយ៉ាងច្រើនដូចបណ្តាឆ្នាំកន្លងមក តែអ្វីដែលខុសពីបណ្តាឆ្នាំមុនគឺ កំណើនភ្ញៀវបានហក់ឡើងខ្ពស់ខុសពីឆ្នាំមុនៗ។ សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍អុំទូករយៈពេល២ថ្ងៃមានភ្ញៀវមកទស្សនា កម្សាន្តសប្បាយ បានហក់ឡើងរហូតដល់ទៅ ៨១១,៨២៣នាក់ ធៀបទៅនឹងឆ្នាំ២០២៣ មានភ្ញៀវត្រឹមតែចំនួន៤១៥,៨៦៣នាក់ កើនឡើង៩៥%។ ក្នុងនោះភ្ញៀវជាតិ ៨០៩,៦៨៥នាក់ ធៀបឆ្នាំ២០២៣ មានចំនួន៤១៤, ១៨១នាក់ កើនឡើង៩៥% ភ្ញៀវអន្តរជាតិ ២, ១៣៨នាក់ ប្រៀបធៀបឆ្នាំ២០២៣ មានចំនួន ១, ៦៨២នាក់ កើនឡើង ២៧%។
សូមបញ្ជាក់ថា ថ្ងៃទី១ មានភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកសរុប ២៥០,៨៤៨នាក់ និងថ្ងៃទី២ មានភ្ញៀវទេសចរសរុប ៥៦០,៩៧៥នាក់។ ចំពោះតម្លៃទំនិញ ម្ហូបអាហារ និងសេវាស្នាក់នៅ រក្សាតម្លៃផលិតផលដូចថ្ងៃធម្មតា។ ចំពោះសន្តិសុខគឺគ្រប់គ្រងបានល្អប្រសើរ មិនមានបទល្មើសអ្វីកើតឡើងនោះទេ៕
ដោយ៖ សូរិយា