ភ្នំពេញ៖ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំង២៥រាជធានី-ខេត្ត បានចំនួន ៦,៨៩៥លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន៤០៤,៦៦៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
លោកបណ្ឌិត បានបន្ថែមថា ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានអនុវត្តយ៉ាងសកម្មបំផុតមិនថានៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម ខ្នងផ្ទះ និងទីសាធារណៈនានានោះទេ ពោលគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានចូលរួមយល់ដឹងជ្រួតជ្រាប និងរួមសហការរាយការណ៍ ជាមួយអាជ្ញាធរ ព្រមទាំងផ្នែកដែលពាក់ព័ន្ធ ក្នុងន័យរួមគ្នារក្សាសុខសុវត្ថិភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ក្រសួងមហាផ្ទៃដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ៕
ដោយ៖ តារា