ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ និងមន្ត្រីជំនាញមួយចំនួន។

ក្នុងកិច្ចប្រជុំនេះ, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១ នាក់ (ស្រី ៥៩ នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣ នាក់ (ស្រី ២៨ នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨ នាក់ (ស្រី ៣១ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២២, មណ្ឌលអប់រំកែប្រែចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា។

ជាលទ្ធផល, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០ នាក់ (ស្រី ៣៥ នាក់) ក្នុងនោះរួមមាន៖

 (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ,។

 (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ ។

និង (៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោស។

ដោយឡែក, ចំពោះទណ្ឌិតចំនួន ២៨១ នាក់ (ស្រី ២៤ នាក់) ផ្សេងទៀត ដែល គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹង ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និង ករណីឪពុក ឬជីតារំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួន ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖