ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ្សាហារូឌីន អន់ (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

តាមរយៈ នៃកិច្ចជំនួបពិភាក្សាការងារនោះ លោក អ៊ុំ រាត្រី និងលោក ហ្សាហារូឌីន អន់ (Shaharuddin Onn) ក៏បានបង្ហាញអំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជានិងម៉ាឡេស៊ី។ ដែលទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ជាមួយលោក ដាតុ ស្រ៊ីអ៊ីស្មាអែល សាប្រ៊ិប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកក្នុងវិស័យជាច្រើន ក្នុងរយៈពេលប្រាំមួយទសវត្សកន្លះចុងក្រោយនេះ។

ក្នុងនាមរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី ក៏បានសម្តែងនូវជំហរស្វាគមន៍ និងសហការជាមួយដំណើរបេសកកម្មរបស់លោក ហ្សាហារូឌីន អន់ (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញបេសកកម្មនៅទឹកដីខេត្តបន្ទាយមានជ័យ។ លោកអភិបាលខេត្ត ក៏បានបង្ហាញពីសក្តានុពល នៃឱកាសវិនិយោគ នៅខេត្តបន្ទាយមានជ័យ ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍដល់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយក្នុងប្រទេសជាមិត្តផង និងក្នុងក្របខណ្ឌអាស៊ាន ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖