ភ្នំពេញ៖ កម្មវិធីវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ បានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញលើកទី១ សម្រាប់ បេក្ខភាពដែលគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈ ថ្នាក់រាជធានី ខេត្ត បានផ្តល់ជូន។ ដំណាក់កាលជ្រើសសម្រាំងបឋម ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដោយមានការចូលរួមការប្រឡងប្រជែងរបស់អង្គភាពជាគោលដៅរួមមាន៖ សាលាមត្តេយ្យសិក្សាចំនួន៤៥, វិទ្យាល័យចំនួន៤៩, មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ចំនួន៣១, មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ ចំនួន២៩ និងមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ ចំនួន២២។ ពិធីនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដែលចាប់ផ្ដើមពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់វិស័យសុខាភិបាល និងចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ។
គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ. នឹងធ្វើការវិនិច្ឆ័យបេក្ខភាពអង្គភាពតំណាងរាជធានី ខេត្តទាំងអស់ ផ្អែកលើបទបង្ហាញ នៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តនាពេលកន្លងមក ព្រមទាំងសំណុំឯកសារអំណះអំណាងផ្សេងៗ និងចោទសំណួរទៅកាន់បេក្ខភាពផ្ទាល់ ដើម្បីធ្វើការចម្រាញ់យកបេក្ខភាពអង្គភាពដែលល្អជាងគេ ចំនួន១៥ ដាក់ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ ដើម្បីវាយតម្លៃជ្រើសសម្រាំងបេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈ។
សូមជម្រាបជូនផងដែរថា សមាសភាពរបស់គណៈកម្មការបច្ចេកទេស អន្តរក្រសួងនៃគ.វ.ជ. មានសមាសភាពមកពីតំណាង ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕
ដោយ៖ សូរិយា