ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបុកចូលស្ថានីយប្រេងឥន្ធន: លីហ៊ាង បណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

  ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានឈ្លោះគ្នាជាមួយប្រពន្ធ និងឋិតក្នុងស្ថានភាពស្រវឹងស្រាផង បានបើករថយន្តលឿនបួងចង្កូតទៅបុកចូលស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្ដាលឲ្យរងការខូចខាត ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង១១នាទីយប់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវ ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចសុីស LM 350  ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BX-3080 បើកបរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុប២៤ម៉ោង រថយន្តខាងលើបានបួងចង្កូតមកបុក ផ្លាកប៉ាណូ ស្ថានីយប្រេងឥន្ធនៈ លីហ៊ាង ភ្នំពេញ បណ្តាលឲ្យបាក់បង្គោលស្លាកប៉ាណូនឹងរបងជាច្រើនផ្ទាំងរងការខូចខាត ចំណែករថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។ 

    ប្រភពដដែលបានបញ្ជាក់ថា ក្នុងអំឡុងពេលមុនកេីតហេតុ នៅក្នុងរថយន្តបង្កខាងលេីគេឃើញបុរសជាជនជាតិចិនបានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធនៅពេលកំពុងបើកបរ តែមិនដឹងឈ្លោះប្រកែករឿងអ្វីនោះទេ ស្រាប់តែបើកមកដល់ចំណុចស្តុប បួងចង្កូតមួយទំហឹង មកបុកចូលស្ថានីយប្រេងឥន្ធនៈតែម្តង ។ ភ្លាមៗបុរស និងស្ត្រីជនជាតិចិនខាងលើបានចុះពីលើរថយន្តឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលតែម្តង ។ 

    ក្រោយមក សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផ្នែកចរាចរណ៍បានចុះមកដល់រួចធ្វើការទាក់វាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បណ្ដោះអាសន្នដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖