ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្ររង ជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងមានការចូលរួមពី ឧត្តមសេនីយ៍ឯក វិឈីត យ៉ាធីប ប្រធានគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណា ចក្រកម្ពុជាលើវិស័យអប់រំ តំណាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា,ថ្នាក់ដឹកនាំក្រសួង, អភិបាលរងខេត្តកំពង់ស្ពឺ,សាកលវិទ្យាធិការ,លោកអភិបាលរង នៃគណៈអភិបាលស្រុកថ្ពង,តំណាងការិយាល័យអប់រំយុវជននិង កីឡាស្រុកថ្ពង និងនាយកវិទ្យាល័យក្នុងតំបន់ លោក លោកស្រី គណៈគ្រប់គ្រង បុគ្គលិកអប់រំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ តំណាងក្រុមហ៊ុនដៃគូចំនួន១៣ ក្រុមហ៊ុន និងក្មួយៗនិស្សិតជ័យលាភីចំនួន ៤១៧នាក់។

ថ្លែងក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរ ដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងសមិទ្ធផលនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេស ស្រប តាមគោលនយោបាយអាទិភាព របស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ពិធីនាថ្ងៃនេះ គឺបានបង្ហាញអំពីការប្តេជ្ញាចិត្ត ការរៀបចំកំណត់ទិសដៅ និងការអនុវត្តផែនការយ៉ាងច្បាស់លាស់របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងសកម្ម ប្រកបដោយមនសិការវិជ្ជាជីវៈ និងការ ទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ក្មួយៗនិស្សិត និងដៃគូសហការទាំងអស់ ទាំងក្នុងនិង ក្រៅប្រទេស។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ (TICA) និងស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាដែរតែងតែ គាំទ្រចូលរួមអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ រួមមាន៖ ១). ការអភិវឌ្ឍ និងកែលម្អកម្មវិធីបណ្តុះបណ្តាល ២). ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ៣). ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការសាងសង់អគារសិក្សានិងអន្តេវាសិកដ្ឋាន និងការ រៀបចំកសិដ្ឋាន បន្ទប់ពិសោធន៍ និងរោងជាងបច្ចេកទេស ស្របតាមកម្មវិធីសិក្សា និងបច្ចេកវិទ្យាបច្ចុប្បន្ន ៤). ការកសាងសមត្ថភាព ដល់គណៈគ្រប់គ្រង និង ៥). ការជួយអភិវឌ្ឍនិស្សិត ដូចជាការសម្របសម្រួលចុះកម្មសិក្សា និងការរៀបចំទស្សនកិច្ច-សិក្សាទៅកាន់ព្រះរាជាណាចក្រថៃ ជាដើម។ 

កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាកិច្ចសហការដ៏ចាំ បាច់ក្នុងការធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលរហូតដល់ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ និងបានលើកទឹកចិត្តដល់វិទ្យាស្ថានស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ឱ្យបន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការបណ្តុះបណ្តាល តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ក្រុមហ៊ុន និងវិស័យឯកជនដៃគូ ដើម្បីធានាបាននូវគុណភាព និងសមត្ថភាពរបស់និស្សិត សំដៅឆ្លើយតបនឹង តម្រូវការទីផ្សារការងារ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់ក្មួយៗនិស្សិត ឱ្យបន្ដអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍជំនាញបច្ចេកវិទ្យានិងបំណិនឌីជីថល ការអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់អំពីបទ ពិសោធន៍ពីសហការីរួមអាជីពនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិបទការងារដែលកំពុងមានការវិវត្តខ្លាំង៕

ដោយ៖ សូរិយា


ចែករំលែក៖