ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ឋករណីក្រុមក្មេងទំនើងឈ្មោះ ឈូកវ៉ា២ C.V.2 មានគ្នាសរុបចំនួន១៦នាក់ បានប្រើប្រាស់ ដុំថ្ម ដែកដងឆ័ត្រ និងមួកសុវត្ថិភាព ធ្វើសកម្មភាពគប់គ្នាទៅវិញទៅមកជាមួយក្រុមក្មេងទំនើងម្ខាងទៀត មានគ្នាប្រហែល ៣០ នាក់ បណ្តាលឱ្យត្រូវចំជើងជនសង្ស័យម្នាក់ដែលជាក្រុមក្មេងទំនើង ឈូកវ៉ា២ C.V.2 នៅចំណុច ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ០០ នាទី។
ក្រោយមកក្រុមក្មេងទំនើងឈ្មោះ ឈូកវ៉ា២ C.V.2 បានគេចខ្លួនបានមួយសន្ទុះ ក៏បានត្រឡប់ មកវិញ និងបានរើសដុំថ្ម និងដងឆ័ត្រខាងលើដើម្បីតាមវាយទៅលើក្រុមខាងលើវិញ។ ប៉ុន្តែត្រូវសមត្ថកិច្ចល្បាតឃើញ និងបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣ នាក់ ឈ្មោះ ភាព មករា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ចាន់ សូនី ភេទប្រុស អាយុ១៨ឆ្នាំ និង៣.ឈ្មោះ ស្រេង កិត្យា ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកឯបក្ខពួកដែល ពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៣ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕
ដោយ៖ តារា