ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុង ចំពោះសារព័ត៌មានVOD ដែលបានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការឃាត់ខ្លួនអ្នកសារព័ត៌មាន ៥នាក់ នៅក្រុងសំពៅពូន ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុង ចំពោះសារព័ត៌មានVOD ដែលបានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការឃាត់ខ្លួនអ្នកសារព័ត៌មាន ៥នាក់ នៅក្រុងសំពៅពូន ខេត្តកណ្ដាល ។ សេចក្តីបំភ្លឺព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន VOD Khmer ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ អ្នកកាសែត៥នាក់ ត្រូវបានចាប់ឃាត់ខ្លួន នៅក្រុងសំពៅពូន កាលពីថ្ងៃទី១៨ ខែវិច្ឆកានេះ ខណៈពួកគេ ចុះធ្វើសេចក្តីរាយការណ៍ពីការបើកល្បែងខុសច្បាប់ ស្ថិតនៅទីតាំងមួយកន្លែង ក្នុងក្រុងសំពៅពូន ខេត្ដកណ្ដាល។ ប៉ុន្ដែពួកគេត្រូវបានដោះលែងវិញ ក្រោយឃាត់ខ្លួន១ថ្ងៃ ក្រោមរូបភាពឱ្យធ្វើកិច្ចសន្យា។ យ៉ាងណា វិធាននេះរងការរិះគន់ពីការគំរាមលើសេរីភាពសារព័ត៌មាន។

ក្រោយពីទទួលបាននូវព័ត៌មានខាងលើភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី៖ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ។ 

ដោយបញ្ជាក់ថា ៖ បានកើតហេតុនៅថ្ងៃទី១៧.១១.២០២៤ នៅចំណុចចំការស្វាយ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល។

សមត្ថកិច្ចបញ្ជាក់ទៀតថា ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញបានហៅអ្នកសារព័ត៌មានចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធចំនួន ៣នាក់ មកធ្វើការសាកសួរនិងផ្តល់ព័ត៌មានលំអិតឱ្យសមត្ថកិច្ចពាក់ព័ន្ធការចុះផ្សាយថា មានករណីបើកលេងល្បែងស៊ីសង នៅចំណុចកើតហេតុខាងលើ រួមមាន៖

១.ឈ្មោះ ទូច សុភ័ក្រ្ត ភេទប្រុស មុខរបរចាងហ្វាងសារព័ត៌មាន ធីអេសភី៦៨ធីវីអនឡាញ។ 

២.ឈ្មោះ ហេង ពៅ ភេទប្រុស មុខរបរអ្នកយកព័ត៌មាន ជ្រៃកោងប៉ុស្តិ៍។ 

៣.ឈ្មោះ គីម លីមហេង ភេទប្រុស មុខរបរអ្នកយកព័ត៌មានទូរទស្សន៍ TNM។ 

៤.ឈ្មោះ គីម លឹមហ៊ាន ភេទប្រុស មុខរបរនិពន្ធនាយករងគេហទំព័រធីអេសភី៦៨ធីវីអនឡាញ។ 

៥.ឈ្មោះ អៀក ពៅ ភេទប្រុស មុខរបរអ្នកយកព័ត៌មានគេហទំព័រ CHEATA PHIWAT-NET។

៦.ឈ្មោះ ហេង ធារិទ្ធ ភេទប្រុស មុខរបរមិនពិតប្រាកដ (បក្ខពួកអ្នកសារព័ត៌មាន)។ 

៧.ឈ្មោះ នៅ ភារ៉ាន់ ភេទប្រុស មុខរបររត់កង់បី (បក្ខពួកអ្នកនាំផ្លូវ)។ 

៨.ឈ្មោះ លាង លីម ភេទប្រុស មុខរបររត់កង់បី (បក្ខពួក)។ 

សមត្ថកិច្ចបន្តថា ៖ បន្ទាប់ពីសាកសួររួចកម្លាំងជំនាញបានអនុញ្ញាតឱ្យអ្នកទាំងអស់នេះត្រឡប់ទៅលំនៅឋានវិញ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុង ចំពោះសារព័ត៌មានVOD ដែលបានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការឃាត់ខ្លួនអ្នកសារព័ត៌មាន ៥នាក់ នៅក្រុងសំពៅពូន ខេត្តកណ្ដាល។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប កុំមានការភាន់ច្រឡំ ! ៕

ដោយ ៖ សិលា


ចែករំលែក៖