ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក ស្នើជួបពិភាក្សាជាមួយសមភាគីចិន តែត្រូវបានចិនបដិសេធ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានបដិសេធចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិមួយ នៅក្នុងប្រទេសឡាវ ដែលជាការសម្រេចចិត្តមួយត្រូវបានប្រមុខមន្ទីរបញ្ចកោណចាត់ទុកថាជារឿងគួរឱ្យស្ដាយ។
កិច្ចប្រជុំពហុភាគីផ្នែកសន្តិសុខក្នុងតំបន់អាស៊ី កន្លងមកត្រូវបានប្រើជាឱកាសសម្រាប់ប្រមុខការពារជាតិអាមេរិកនិងចិនជួបសន្ទនាគ្នា។ ប៉ុន្តែចិនបានបដិសេធសំណើរៀបចំកិច្ចប្រជុំពីលោក Austin អំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅក្នុងសប្ដាហ៍នេះ។ «វាជារឿងគួរឱ្យស្ដាយ ហើយមានផលប៉ះពាល់ដល់តំបន់ ពីព្រោះថាតំបន់ពិតជាចង់ឃើញពួកយើង ដែលជាតួអង្គ២ដ៏សំខាន់ មហាអំណាច២ ដ៏សំខាន់ ពិភាក្សាគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់របស់លោក Austin ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធទី២០ ខែវិច្ឆិកា។
គួរបញ្ជាក់ថា លោក Austin ដែលបានជួបរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នាឱកាសដែលប្រមុខការពារជាតិនៃប្រទេសទាំង២ ចូលរួមវេទិការសន្តិសុខមួយក្នុងប្រទេសសិង្ហបុរី កាលពីដើមឆ្នាំ២០២៤ ធ្លាប់បានលើកឡើងពីការខ្វែងគំនិតគ្នារវាងអ្នកទាំង២លើបញ្ហាតៃវ៉ាន់ និងបញ្ហាជាច្រើនទៀត ប៉ុន្តែបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាការទាក់ទងគ្នារវាងយោធានៃប្រទេសទាំង២។
ដោយឡែក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានសន្យាថានឹងធ្វើការជាមួយរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ខណៈរូបលោកបានបិទបញ្ចប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីចាំផ្ទះ លោក ចូ បៃដិន លើប្រធានបទជាច្រើនរាប់ចាប់ពីជម្លោះ ឧក្រិដ្ឋកម្ម ព័ត៌មានវិទ្យា ពាណិជ្ជកម្ម រហូតដល់បញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងរុស្ស៉ី៕ ដោយ៖ ធីរីណា

រូប​ថត​៖ 1thegioi


ចែករំលែក៖