អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ ២០២៤ នៅឃុំ Wuzhen ខេត្ត Zhejiang នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ។
គេហទំព័រ «CCFR China state-controlled media » លោក Ding Xuexiang បានលើកឡើងថា បច្ចុប្បន្ន បច្ចេកវិទ្យាផ្នែកអ៊ិនធឺណិត ទិន្នន័យធំ គណនាពពក បញ្ញាសិប្បនិមិ្មត និងBlockchain និងបច្ចេកវិទ្យាផ្សេងទៀតបាននិងកំពុងទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដែលផ្តល់ជាកម្លាំងចលករដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទោះបីជាយ៉ាងណាក៏ដោយ គម្លាតផ្នែកឌីជីថលនៅតែរីកធំដដែល ហើយស្ថានការណ៍សន្តិសុខសាយប័រកាន់តែធ្ងន់ធ្ងរ។ លោកបានលើកឡើងសំណើ ៤ ចំណុច៖ ទី១ ធ្វើឱ្យមានភាពសុក្រឹតភាពនូវអភិបាលកិច្ចសកល ដើម្បីសម្រេចបាននូវ វាសនារួមលំហសាយប័រ។ ទី២ ពង្រឹងកិច្ចសហការនិងច្នៃប្រឌិតថ្មី ដើម្បីពន្លឿនការអភិវឌ្ឍព័ត៌មានវិទ្យាសាយប័រ។ ទី៣ ពង្រឹងភាពយុត្តិធម៌ និងផ្តល់ផលប្រយោជន៍ជាទូទៅ ជំរុញការចែករំលែកជាសកលនូវសមិទ្ធផលនៃការអភិវឌ្ឍសាយប័រ។ ទី៤ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តតាមផ្លូវច្បាប់និងបទប្បញ្ញត្តិ និងលើកកម្ពស់កម្រិតនៃការការពារសន្តិសុខសាយប័រ ៕
ដោយ ៖ សិលា