ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដឹកជញ្ជូនទូកុងតឺន័រ ខ្វះការប្រុងប្រយ័ត្ន មិនបានដាក់គន្លឹះ កំពុងបើកបរស្រាប់តែធ្លាក់ទូកុងតឺន័រមកលើផ្លូវជាតិ សំណាងណាស់មិនប៉ះលើអ្នកដំណើរ ម្នាក់ៗព្រលឹងចុងសក់ រថយន្តមិនបានឈប់បន្តបើករត់គេចចូលទៅក្នុងក្រុមហ៊ុនផែស្ងួតបាត់ បង្កឱ្យកកស្ទះចរាចរណ៍ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងដឹកទូកុងតឺន័រ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ លើផ្លូវជាតិលេខ៤ បត់ឆ្វេងឆ្ពោះទៅកើត គ្រាន់តែបត់ហើយ ស្រាប់តែធ្លាក់ទូកុងតឺន័រចុះពីលើរថយន្ត មកលើផ្លូវជាតិ តែសំណាងហើយមិនប៉ះដល់អ្នកដំណើររួមផ្លូវ ម្នាក់ៗព្រលឹងចុងសក់ ហើយរថយន្តមិនបានឈប់ បន្តដំណើរបើកចូលទៅក្នុងក្រុមហ៊ុនផែស្ងួតនៅក្បែរនោះបាត់ស្រមោល ធ្វើឱ្យកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ។
បើតាមការលើកឡើងរបស់មហាជន រថយន្តដឹកទូកុងតឺន័រ មិនបានដាក់គន្លឹះ នេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ក្រុងភ្នំពេញ ប្រចាំគោលដៅភ្លើងស្តុប ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ហើយសមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅខាងក្រុមហ៊ុនដើម្បីស្ទូចលើកយកទូកុងតឺន័រចេញពីលើផ្លូវជាតិ ៕
ដោយ៖ សុខាសែនជ័យ