ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លេីកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។
ក្នុងឱកាសនៃជំនួប លោកស្រីអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។ លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវអនុប្រធានរដ្ឋក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកស្រី អនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕
ដោយ ៖ សិលា