ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាមានភាពកក់ក្តៅពេលក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានឱកាសទទួលបានការគាំពារសុខភាព និងអាចឱ្យពួកគាត់មានការចំណាយតិចតួចបំផុត លើការពិនិត្យសុខភាពនៅពេលមានជំងឺឈឺថ្កាត់ម្តងៗ។

លោកស្រី កិ សុខរ៉ន អាជីវករលក់ផ្លែឈើនៅសង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគ ទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបានអត្ថប្រយោជន៍ជា ច្រើនលើសេវាថែទាំសុខភាពដូចបណ្តាពលរដ្ឋដ៏ទៃទៀតដែរ។

លោកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. ខ្លួនមានការចំណាយច្រើនលើការពិនិត្យសុខភាព និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែបន្ទាប់ពីបានក្លាយជាសមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥៦០០រៀល ក្នុងមួយខែ គឺអាចទៅទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។

ចុះណែក លោកស្រី សារី ហ្វីនី អាជីវករលក់នុយត្រីនៅសង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ លើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិក ប.ស.ស. បានគឺជាការផ្តល់អត្ថប្រយោជន៍ដ៏ល្អបំផុតទៅដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការថែទាំសុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នក ធ្វើការដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែលទាំងនេះអាចជួយកាត់បន្ថយចំណាយបានយ៉ាងធំធេងសម្រាប់គ្រួសារ និងជាភាពរីករាយថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភាពកក់ក្តៅបន្ទាប់ពីអាចក្លាយជាសមាជិក ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។ សម្រាប់ការពិនិត្យសុខភាព និងការថែទាំសុខភាពរបស់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធពុំមានការរើសអើងនោះទេ ហើយថែមទាំងទទួលបានសេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផងដែរ។

ទន្ទឹមនេះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចៗគ្នា តាមរយៈការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមួយនេះ។ លើសពីនេះរាជរដ្ឋាភិបាលក៏បានសម្រួលដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត ដូចជាបើកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈបន្ថែមដោយឥតគិតថ្លៃផងដែរ។

ការពង្រីកវិសាលភាពរបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ 2 671 030 នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន 422 593នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន 136 210នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖