ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីភាគីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិនិត្យកិច្ចការគម្រោងនានានៃយុទ្រសាស្រ្តកាត់បន្ថយគ្រោះមហន្តរាយដែលតែងតែកើតមានឡើងដោយសារទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតលើបណ្តាខេត្តក្រុងដែលស្ថិតនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋានរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំសាលាខេត្តជុំវិញតំបន់បឹងទន្លេសាប ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមគ្រប់ខេត្តនៃតំបន់ជុំវិញបឹងទន្លេសាប និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួង។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាដោយយកចិត្តទុកដាក់លើការងារកែលម្អផែនការកសាងមូលធនខ្នាតធំក្នុងរយៈពេលយូរអង្វែងនៃដំណើរការវិនិយោគលើការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម បញ្ជាទឹក ប្រើប្រាស់ទឹក និងការធានាលើនិរន្តរភាពប្រកបដោយឧត្តមភាពនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក៕
ដោយ៖ តារា