ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ,  អចលនទ្រព្យ​, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ​ រួមមាន៖​ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស​, ប្រទេសក្នុងតំបន់អាស៊ាន និង​​អ៉ឺរ៉ុប។ នៅកម្ពុជា​ ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។​ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។  

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត​ ដល់វិស័យឯកជន។ 

សម្ដេចបវរធិបតី បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ 

សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ​ និង​បង្កភាពងាយស្រួលដល់​ភាព​ជោគជ័យ​របស់​បណ្តា​ក្រុម​ហ៊ុន​នានា​ ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​៕

ដោយ​៖ តារា​


ចែករំលែក៖