ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ជនជាតិចិន ២នាក់ និងបក្ខពួកជាជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទម្ងន់សរុប ១.០២៥,៦០ក្រាម

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការ លើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ដឹកជញ្ជូន, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបានធ្វើការបង្ក្រាប កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង និងបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ និងជនជាតិវៀតណាម ចំនួន ០១ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន ៖

១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ១.០២៥,៦០ ក្រាម មានប្រភេទជាកេតាមីន និងអ៊ុចស្តាស៊ី ។

២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិចិនចំនួន ០២ នាក់ និងជនជាតិវៀតណាមចំនួន ០១ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៥៩២ អ.យ.ឃ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៧, មាត្រា ៤៨ កថាខណ្ឌទី៦ និងមាត្រា ៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ 

បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការ ក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ ។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ​៖ តារា​


ចែករំលែក៖