ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធសមិទ្ធផល​នានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការ​ចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជានាពេល កន្លងមក យ៉ាងច្រើនលើសលប់។

-សម្ដេចធិបតី ថ្លែង​រម្លឹកកាលពីសប្ដាហ៍មុន កម្ពុជាបានដឹកនាំកិច្ចប្រជុំធំៗ ជាច្រើន ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស និងគណបក្សនយោបាយមកពីប្រទេសជាច្រើននៅទូទាំងតំបន់ និងពិភពលោកបានអញ្ជើញមកចូលរួម ប៉ុន្ដែអ្វីដែលគួឱ្យគត់សម្គាល់នោះ គឺកិច្ចប្រជុំទាំងអស់បានលើកឡើងពីគុណតម្លៃនៃសន្ដិភាព។

-សម្តេចធិបតី បានថ្លែងថា​ សមិទ្ធផលនានាដែលបានកើត ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ នេះ បន្ទាប់ពីមានជម្លោះយ៉ាង​រ៉ាំរ៉ៃ​ក្រោយមានការញុះញង់​ពី​ខ្មោចគណបក្សប្រឆាំងនោះ។

-សម្ដេចធិបតី បានថ្លែង​ថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះពីរជាន់គឺទី១ កែប្រែតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នា ក្នុងសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ និងទី២ គឺការដោះស្រាយបញ្ហាជម្លោះដីធ្លី ។ 

-សម្ដេចធិបតី​ បានថ្លែងថា​ តម្លៃសន្តិភាពយើងមើលមិនឃើញនោះទេ ប៉ុន្តែនៅពេលដែលវាបាត់បង់នោះ បានយើងដឹងថា សន្តិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចធិបតី បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿ​តាមញុះញង់របស់ពួកក្រុមជ្រុលនិយមមួយចំនួន ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើង នៅក្នុងប្រទេសរបស់យើង។

-សម្ដេចធិបតី ថ្លែង​ថា ពេលកម្ពុជាដឹកនាំកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំប្រទេស និងមេដឹកនាំគណបក្ស គឺបានលើកឡើងពីតម្លៃនៃន្ដិភាព ប៉ុន្ដែយើងមើលឃើញតម្លៃនៃសន្ដិភាពកាន់តែខ្លាំង គឺនៅពេលដែលបាត់បង់សន្ដិភាព។ ឧទាហរណ៍ដូចជា សង្គ្រាមនៅ ប្រទេសរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និងបាឡេស្ទីនជាដើម ដែលពលរដ្ឋជាច្រើនកំពុងរងគ្រោះ ហេរដ្ឋារចនាសម្ព័ន្ធដែលខិតខំកសាងត្រូវបានបំផ្លិចបំផ្លាញ នោះយើងនឹងយល់ពីតម្លៃនៃសន្ដិភាពកាន់តែខ្លាំង។

-សម្ដេចធិបតី ថ្លែងបញ្ជាក់សារជាថ្មីថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្ថែមកញ្ចប់ថវិកាប្រមាណ១០០ លានដុល្លារ ដើម្បីខិតខំជំរុញការចេញប្លង់ក្បាលដីជូនដល់ប្រជាពលរដ្ឋឱ្យបានរួចរាល់ ខណៈបច្ចុប្បន្ននៅសល់ប្រមាណជាង ១ លានក្បាលដីទៀតដែលត្រូវចេញប្លង់ជូនពលរដ្ឋ។

-សម្ដេចធិបតី ថ្លែង​ថា ក្រុមជ្រុលនិយមមួយចំនួនបានបំផុសបំផុលប្រជាពលរដ្ឋឱ្យទៅកាប់រុករានទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ ដែលបញ្ហានេះ បានបង្កើតជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ បង្កបញ្ហាដីធ្លីដល់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ឬអត់មានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋតាមនីតិវិធីច្បាប់ ប៉ុន្ដែមិនអាចផ្ដល់ឱ្យចំពោះអ្នកដែលចូលទៅកាប់រុករានទន្រ្ទានដីព្រៃ ឬដីការពារអភិរក្សរបស់រដ្ឋនោះទេ។

-សម្តេចធិបតី ថ្លែង​ផ្តាំទៅក្រុមអគតិមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងឡាយណា ដែលឆបោកពលរដ្ឋ តាមរយៈការឃោសនាឲ្យមានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។

-សម្ដេចធិបតី ថ្លែង​ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល។

-សម្ដេចធិបតី ថ្លែង​ថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ជាពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជាលោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

-សម្តេចធិបតី​ ថ្លែង​ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់របស់ក្រុមខ្មោចគណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។

-សម្តេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឲ្យខាងតែបាន រួមទាំង បន្តជួយការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

-សម្តេចធិបតី​ ថ្លែងថា​ សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ។

-សម្ដេចធិបតី ថ្លែង​អំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។ 

-សម្ដេចធិបតី​ ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

-សម្ដេចធិបតី ថ្លែង​ថា ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុស​ឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។

-សម្ដេចធិបតី ថ្លែង​ឯកភាពផ្ដល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូកិច្ចសន្យាចំនួន១១នាក់ ដែលបានខិតខំបង្រៀនសិស្ស សាលាបឋមសិក្សា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ​សម្ដេចមហាបវរ​ធិប​តី​នា​យក​រដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការ​ងារ​ដោះ​ស្រាយនិងអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានឱ្យដឹងថា តំបន់​បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានក​ម្ម​ជូនគ្រួសារយោធាសមាហរណកម្ម សម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖

១៖ ការធានាអាយុជីវិត និងរូបកាយ

២៖ ការធានាអាជីព និងមុខរបរ

៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ។

ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នា ក្នុងសម័យរំដោះ​ប្រទេសពី​របបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ ខណៈពេល ដែលកងទ័ពភាគីរដ្ឋកម្ពុជា និងកងទ័ពវៀតណាមលើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំង​នេះជាកន្លែង​ជង្រុក​ស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវពីតំបន់កូនដំរីមកផ្ទុកនៅទីនេះ ដើម្បី​ផ្គត់​ផ្គង់ដល់កងទ័ពខ្មែរក្រហមនៅសមរភូមិមុខ។

ចំណែកតំបន់៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរ​សេ​នា​តូច៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយ​ឧត្តមសេនីយ៍ ផឹង ផុន ក្នុងពេល ដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែង​តាំង​ជាមេបញ្ជាការរងយោធភូមិភាគ៥៕

ដោយ​៖ តារា​


ចែករំលែក៖