ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន​ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈ នៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការ និងសុឆន្ទៈនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យដឹងថា​ ការអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖​ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិក ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទង ការបរទេសនៃគណបក្សប្រជាជនកម្ពុជា រួមនឹងឥស្សរជននៃស្ថាប័នព្រឹទ្ធសភា រដ្ឋមន្ត្រី និងមន្ត្រីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្របពេលដែលឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនឈានដល់ទីបញ្ចប់ ទស្សនកិច្ច លើកទី១របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប ព្រម ទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន​ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងសង់ដារថសិយុគសម័យថ្មី៕

ដោយ​៖ តារា​


ចែករំលែក៖