ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបន្តសង្រ្គោះត្រីជាង១០០គីឡូក្រាម ក្នុងការបង្រ្កាបបទល្មើសជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល ដឹកនាំមន្ត្រីក្រោមឱវ៉ាទ កម្លាំងចូលរួមមានៈ នគរបាលស្រុក ប៉ុស្តិ៍ កងរាជអាវុធហត្ថស្រុក បរិស្ថាន មធ្យោបាយដោយកាណូត សហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង ២ករណីផ្សេងគ្នានៅឃុំមេទឹក ។

 នាយរងផ្នែករដ្ឋបាលជលផលរាំងទិលបានឲ្យដឹងថា ការងារខាងលើធ្វើឡើងចំនួន០២គោលដៅ គោលដៅទី-១ ចាប់ពីចំណុចព្រែកក្រ ដល់ព្រែកក្បាលតោល ព្រំប្រទល់ ខេត្តបាត់ដំបង ស្ថិតនៅភូមិព្រែកក្រ និងគោលដៅទី-២ ត្រង់ចំណុចព្រែកក្អមសំណ ស្ថិតនៅភូមិក្អមសំណ នៃឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ 

 លោក បញ្ជាក់ទៀតថា លទ្ធផល បំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង រួមមាន ឧបករណ៍រួមផ្សំដោយអំពូលភ្លើង(ឈ្នក់)សាច់ឈ្នក់ បង្គោល អំពូលភ្លើង ស្មើនឹងចំនួន០៤កន្លែង និងរបាំងសាច់អួនប្រវែង២៤០០ម៉ែត្រ ស្មើនឹង០៨ខ្សែ បង្គោលចំនួន២៨០ដើម ថែមទាំងចាក់លែងត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)វិញចំនួន១៣០គីឡូក្រាមផងដែរ ។ 

 លោក បញ្ជាក់បន្ថែមបន្តទៀតថា ការងារនេះ លោក បន្តដឹកនាំមន្រ្តីសហការជាមួយកងកម្លាំងស្ថាប័នពាក់ព័ន្ធ ចុះអនុវត្តបន្តឲ្យដូចភ្លៀងរលឹម ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖